ទាន ដែលបុគ្គលឲ្យហើយ ដោយធម៌
(មច្ឆរិសូត្រទី២ បិដកភាគ២៩ ទំព័រ៥០-៥១)
━━━━━━✥◈✥━━━━━━
ទេវតាមួយអង្គ បានពោលគាថា ចំពោះព្រះមានព្រះភាគថា យ័ញ្ញនុ៎ះ មានផលដ៏ទូលាយច្រើនដែរ នៅតែមិនដល់ទាន ដែលបុគ្គលឲ្យហើយ ដោយធម៌ដ៏ស្មើ តើដោយហេតុដូចម្តេច បុគ្គល មានការបូជារាប់ពាន់ ដល់បុគ្គលមួយពាន់នាក់នោះ នៅតែមិនដល់មួយចំណិត របស់បុគ្គលយ៉ាងនោះ តើដូចម្តេច។
ព្រះមានព្រះភាគ បានត្រាស់នឹងទេវតានោះ ដោយគាថាថា បុគ្គលពួកមួយ បានឋិតនៅស៊ប់ក្នុងធម៌មិនស្មើ ហើយបៀតបៀន សម្លាប់ ពុំនោះសោត ធ្វើបុគ្គលដទៃ ឲ្យសោកសៅ ទើបឲ្យទាន ទក្ខិណាទាននោះ ឈ្មោះថា មានមុខទទឹកដោយទឹកភ្នែក ប្រកបដោយអាជ្ញា មិនដល់នូវតម្លៃនៃទាន ដែលបុគ្គលឲ្យហើយ ដោយធម៌ដ៏ស្មើទេ បុគ្គលមានការបូជារាប់ពាន់ ដល់បុគ្គលមួយពាន់នាក់នោះ នៅតែមិនដល់មួយចំណិត របស់បុគ្គលយ៉ាងនោះ ដូច្នេះឯង។
ទាន មានន័យថា ការលះបង់នូវប្រយោជន៍ ឬសេចក្ដីសុខផ្ទាល់ខ្លួន ឲ្យដល់បដិគ្គាហកៈ/អ្នកដទៃជាអំពើបុណ្យកុសល ។ ទាននេះ យោងតាមព្រះពុទ្ធដីកា ការឲ្យនេះ មាន ៣ ប្រភេទគឺ៖
១-អាមិសទាន គឺការឲ្យនូវលុយ សម្លៀកបំពាក់ គ្រឿងឧបភោគបរិភោគ លំនៅស្ថាន ថ្នាំកែរោគ ឬរបស់របរប្រើប្រាស់
២-ធម្មទាន គឺផ្តល់ឱវាទជាចំណេះដឹង អប់រំណែនាំអំពើខុសត្រូវ បង្ហាត់បង្រៀនការផ្សព្វផ្សាយព្រះធម៌ជាដើម
៣-អភ័យទាន គឺការចេះយោគយល់គ្នា អត់ឱនអធ្យាស្រ័យ មិនយកទោស ឬចាប់កំហុស… ។
បណ្តាទានទាំង ៣ នេះ ធម្មទាន បានអានិសង្សច្រើនជាង ដែលជាទានងាយបដិបត្តិ ។
អនុមោទនា កិច្ចនិមន្ត-អញ្ជើញគោចរបិណ្ឌបាត រាប់បាតរបស់ទាយក-ទាយិកា ប្រគេន-ជូន ព្រះសង្ឃ សីលវន្ត សីលវតី ឧបាសក និងឧបាសិកា ក្រោយពីសិក្សាទ្រទ្រង់ បដិបត្តិ ព្រះធម៌វិន័យ ផ្នែកវិបស្សនាកម្មដ្ឋាន នាថ្ងៃច័ន្ទ ៨ រោច (អដ្ឋមីឧបោសថ) ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ។
សូមផ្សាយនូវមហាកុសលដែលកើតអំពីអាមិសទាន និងធម្មទាននេះ ដល់សព្វសត្វ សូមចំណែកបុណ្យកុសលស្មើៗគ្នា សម្រេចបាននូវលោកិយសម្បត្តិ និងលោកុត្តរសម្បតិ្ត ។





