ទកិ្ខណេយ្យបុគ្គល
━━━✥◈✥━━━
នាវារភត្តថ្ងៃត្រង់ ថ្ងៃគម្រប់ទី០៤ នៃការបើកវគ្គបដិបត្តិធុតង្គ ថ្ងៃសុក្រ ១២ កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី០៣ ខែមីនា ឆ្នំា២០២៣នេះ បានទទួលការឧបត្ថម្ភជាថវិកា ទេយ្យទាន ភេសជ្ជៈ និងចង្ហាន់បិណ្ឌបាតដ៏ថ្លៃថ្លារបស់៖
- ឯកឧត្តម ម៉ែន ឈាងរិទ្ធី លោកជំទាវ មាឃ សុវណ្ណី ព្រមទាំងបុត្រ និងសហការី
- លោក ហួ សុផារ៉ា អ្នកស្រី ជិន ហួយ ព្រមទាំងបុត្រ ។
ទានដែលឯកឧត្តម លោកជំទាវ លោក លោកស្រី ព្រមទាំងបុត្រ បានធ្វើក្នុងឱកាសនេះ នៅក្នុងបិដកភាគ ៤០ ទំព័រ ១៤០ មានសម្តែងអំពីទកិ្ខណេយ្យបុគ្គល បុគ្គលគួរឲ្យទាន មានសេចក្តីជាអាទិ៍ថា៖
អនាថបិណ្ឌិកគហបតី ចូលទៅគាល់ព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ទកិ្ខណេយ្យបុគ្គលក្នុងលោក មានប៉ុន្មានពួក មួយទៀត បុគ្គលគួរឲ្យទាន ក្នុងបុគ្គលដូចម្តេច ។
ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលគហបតី ទក្ខិណេយ្យបុគ្គលក្នុងលោក មានពីរពួក គឺសេក្ខបុគ្គល ១ អសេក្ខបុគ្គល ១។ ម្នាលគហបតី ទក្ខិណេយ្យបុគ្គលក្នុងលោក មានពីរពួកនេះ មួយវិញទៀត បុគ្គលគួរឲ្យទាន ក្នុងបុគ្គលពួកនេះ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ ដូច្នេះ លុះសុគតជាសាស្តា ទ្រង់មានព្រះតម្រាស់ ដូច្នេះហើយ ក៏ទ្រង់ពោលដូច្នេះ តទៅទៀតថា៖
សេក្ខបុគ្គលកី្ត អសេក្ខបុគ្គលកី្ត ជាបុគ្គលគួរទទួលទាន របស់អ្នកឲ្យទានក្នុងលោកនេះ បុគ្គលទាំងនោះ ជាអ្នកប្រតិបត្តិត្រង់ ដោយកាយ វាចា ឬចិត្ត ជាស្រែបុណ្យដ៏ប្រសើរ របស់អ្នកឲ្យទាន ឯទានដែលបុគ្គលឲ្យហើយ ចំពោះបុគ្គលពួកនេះ ជាទានមានផលច្រើន ។
ដោយតេជៈនៃការបូជាប្រគេន-ជូនភត្តបិណ្ឌបាត និងភេសជ្ជទាន ដ៏ប្រណីតប្រពៃថ្លៃថ្លានេះ សូមសម្រេចបុណ្យកុសលដល់បុព្វការីជនមាន៖ មាតាបិតា ព្រមទាំងញាតិក្នុងសង្សារវដ្ត បានរួចចាកវដ្តទុក្ខ និងឯកឧត្តម លោកជំទាវ លោក លោកស្រី ព្រមទាំងបុត្រ រួមជាមួយពុទ្ធបរិស័ទ ដែលចូលរួមឧបត្ថម្ភ នាថ្ងៃគម្រប់ទី០៤ វគ្គបដិបត្តិធុតង្គនេះ សូមមានសុខភាពល្អ ទទួលបាននូវមង្គលពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។ សូមអនុមោទនា !
























