ទក្ខិណាវិសុទ្ធិ បិដកលេខ២៨ ទំព័រ ២២៩-២៣០ ព្រះមានព្រះភាគទ្រង់ត្រាស់ថា:
បុគ្គលណា ជាអ្នកមានសីល មានចិត្តជ្រះថ្លា ដោយប្រពៃ ជឿស៊ប់នូវកម្ម និងផលរបស់កម្ម ដ៏លើសលុប ឲ្យទានដែលខ្លួនបានមក ដោយធម៌ ចំពោះពួកបុគ្គលទ្រុស្តសីល ទក្ខិណានោះ បរិសុទ្ធខាងអ្នកឲ្យ បុគ្គលណា ជាអ្នកទ្រុស្តសីល មានចិត្តមិនបានជ្រះថ្លា មិនជឿស៊ប់នូវកម្ម និងផលរបស់កម្ម ដ៏លើសលុប ឲ្យទានដែលខ្លួនបានមក មិនដោយធម៌ ចំពោះពួកបុគ្គលអ្នកមានសីល ទក្ខិណានោះ បរិសុទ្ធខាងអ្នកទទួល បុគ្គលណា ជាអ្នកទ្រុស្តសីល មានចិត្តមិនបានជ្រះថ្លា មិនជឿស៊ប់នូវកម្ម និងផលរបស់កម្ម ដ៏លើសលុប ឲ្យទានដែលខ្លួនបានមកមិនដោយធម៌ ចំពោះពួកបុគ្គលទ្រុស្តសីល តថាគត មិនពោលថា ទាននោះ មានផលដ៏បរិបូណ៌ទេ ។
បុគ្គលណា ជាអ្នកមានសីល មានចិត្តជ្រះថ្លាដោយប្រពៃ ជឿស៊ប់នូវកម្ម និងផលរបស់កម្ម ដ៏លើសលុប ឲ្យទានដែលខ្លួនបានមកដោយធម៌ ចំពោះពួកបុគ្គលមានសីល តថាគត ពោលថា ទាននោះឯង ទើបបានផលដ៏បរិបូណ៌ បុគ្គលណា ជាអ្នកប្រាសចាករាគៈ មានចិត្តជ្រះថ្លាដោយប្រពៃ ជឿស៊ប់នូវកម្ម និងផលរបស់កម្ម ដ៏លើសលុប ឲ្យទានដែលខ្លួនបានមកដោយធម៌ ចំពោះពួកបុគ្គលប្រាសចាករាគៈ ទាននោះឯង ប្រសើរជាងពួកអាមិសទាន (ទាំងអស់) ។
ចែករំលែកទៅបណ្ដាញសង្គមរបស់អ្នក៖