ថ្ងៃនេះជាតិថីប្រកបដោយមង្គល ក្រុមគ្រួសារកូនចៅ ឧបាសិកា ជឹម យឺន ព្រមទាំងញាតិមិត្តទាំងអស់ បាននិមន្តព្រះសាសនមុនី មហាកម្មដ្ឋានាចរិយ ហ៊ឹម ប៊ុនធឿន ធម្មត្ថេរោ ប្រធានពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា និងព្រះភិក្ខុសង្ឃ ប្រារព្ធទក្ខិណានុប្បទាន ប្រទានឱវាទ វេរភត្តាហារ ប្រគេនព្រះសង្ឃបង្សុកូល បត្តិទានគាថា និងរាប់បាត ឧទ្ទិសកុសលជូនចំពោះ ឧបាសក តុល ជា គម្រប់ខួប ១០០ ថ្ងៃ នាថ្ងៃសៅរ៍ ១០ រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ នៅក្នុងបិដកភាគ ៤២ ទំព័រ ១៤០ ព្រះមានព្រះភាគទ្រង់ត្រាស់សម្តែងថាៈ សេចក្តីជឿក្នុងព្រះតថាគត របស់បុគ្គលណា មិនបានញាប់ញ័រ បានដម្កល់ហើយដោយប្រពៃ សីលរបស់បុគ្គលណា ជាសីលល្អ ជាទីត្រេកអរ នៃព្រះអរិយៈ ដែលព្រះអរិយៈសរសើរហើយ។ សេចក្តីជ្រះថ្លាក្នុងព្រះសង្ឃ និងការឃើញដោយត្រង់ពិត របស់បុគ្គលណា អ្នកប្រាជ្ញទាំងឡាយ ពោលនូវបុគ្គលនោះថា ជាអ្នកមិនទលក្រ ទាំងជីវិតរបស់បុគ្គលនោះ មិនបានសូន្យឡើយ។ ព្រោះហេតុនោះ អ្នកប្រាជ្ញ កាលរលឹកឃើញពាក្យប្រដៅរបស់ព្រះពុទ្ធទាំងឡាយ គួរប្រកបទុក នូវសេចក្តីជឿផង នូវសីលផង នូវសេចក្តីជ្រះថ្លាផង នូវការឃើញធម៌ផង។
ដោយតេជានុភាព នៃធម្មទាន និងអាមិសទានក្នុងឱកាសនេះ សូមឧទ្ទិសកុសលជូនឧបាសក តុល ជា បានប្រតិស្ថានក្នុងទីឋានបរមសុខសួគ៌ទេវលោក អវសានជាតិបានដល់នូវព្រះនិព្វាន ។
ម្យ៉ាងវិញទៀត សូមក្រុមគ្រួសារកូនចៅ ឧបាសិកា ជឹម យឺន ព្រមទាំងញាតិមិត្តទាំងអស់ មានសុខភាពល្អ សមប្រកបដោយពុទ្ធពរទាំងឡាយ ៤ ប្រការគឺ÷ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។ អនុមោទនា !






