ឈ្វេងយល់អំពីការបព្វជ្ជា
━━━━━━✥◈✥━━━━━━
នាល្ងាចថ្ងៃអង្គារ៍ ៧ កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ព្រះសាសនមុនី មហាកម្មដ្ឋានាចរិយ ហ៊ឹម ប៊ុនធឿន ធម្មត្ថេរោ ប្រធានពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា បាននិមន្តជាព្រះឧបជ្ឈាយ៍ បំបួសកុលបុត្រជាសាមណេរមួយរូប នៅពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា ។ ក្នុងទីនេះ ពុទ្ធមណ្ឌល សូមលើកយកអត្ថបទខ្លីអំពីបព្វជ្ជារបស់កុលបុត្រ ដែលមានខ្លឹមសារដូចខាងក្រោម៖
ការចាកចេញពីផ្ទះចូលកាន់ផ្នួសបួសជាបព្វជិត នៅក្នុងព្រះពុទ្ធសាសនា គឺអាស្រ័យដោយសទ្ធា និងឆន្ទៈប្រព្រឹត្តបដិបត្តិ ទៅតាមពាក្យប្រៀនប្រដៅរបស់ព្រះពុទ្ធជាអម្ចាស់ ហើយមានបំណងសិក្សាអប់រំក្នុងព្រះធម៌វិន័យនេះជាឧបនិស្ស័យ ដ៏ប្រពៃខ្ពង់ខ្ពស់ឈានទៅរកខ្លឹមសារនៃការបួសជាព្រះសង្ឃ។
បព្វជ្ជា ឬការបួសនេះ តាមការសម្គាល់ ជាទូទៅមានមកជាយូរយារហើយ គឺមុនព្រះពុទ្ធសាសនាកើតឡើងម្ល៉េះ។ ចំពោះពាក្យថា បព្វជ្ជា ឬការបួស មានន័យថា ការបញ្ចៀសខ្លួនឲ្យបានរួចផុត អំពីការបៀតបៀនពីអ្នកដទៃ ពោលគឺការគេចចេញពីអំពើអាក្រក់ និងការដកខ្លួនចេញអំពីកាម និងវត្ថុកាមផង។ បព្វជ្ជា គឺការលះបង់នូវគ្រឿងហួងហែងជាកង្វល់ខាងក្រៅ មានទ្រព្យសម្បត្តិ មាសប្រាក់ ព្រមទាំងអ្វីៗផ្សេងទៀត ដែលជាគ្រឿងនាំឲ្យជាប់ជំពាក់ដកខ្លួនមិនរួច ។
ការបព្វជ្ជា ត្រូវតែមានការរៀន ឬការសិក្សាហ្វឹកហាត់ ញ៉ាំងជីវិតរបស់ខ្លួនឲ្យចម្រើនទៅដោយគុណធម៌ អប់រំកាយ វាចា ចិត្ត ឲ្យបានល្អ លះបង់នូវបាបអកុសល ពាក្យថា បួសរៀនគឺបានសេចក្តីថា បួសដើម្បីរៀន ហ្វឹកហាត់ឲ្យជីវិតចម្រើនទៅដោយប្រាជ្ញាស្មារតី។ ដូច្នេះពាក្យថា រៀន នេះ គឺត្រូវគ្នានឹងពាក្យបាលីថា សិក្ខា។
វត្ថុបំណងនៃការបួស នៅក្នុងសង្គមខ្មែរ គឺដើម្បីទទួលបាននូវពុទ្ធិចំណេះដឹងទាំងពុទ្ធចក្រ និងអាណាចក្រ ជាពិសេសគឺការបួសដើម្បីអប់រំចិត្ត សិក្សានូវត្រៃសិក្ខាមានសីល សមាធិ បញ្ញា រហូតដល់ធ្វើឲ្យជាក់ច្បាស់នូវលោកុត្តរធម៌ ប្រព្រឹត្តទៅតាមផ្លូវសម្មាបដិបទា (អដ្ឋង្គិកមគ្គ)៖
១- បំពេញតួនាទីជាពុទ្ធសាសនិក ដោយការសិក្សាបដិបត្តិ ទ្រទ្រង់ ផ្សព្វផ្សាយ ព្រះធម៌វិន័យ ជាពាក្យប្រៀនប្រដៅរបស់ព្រះសម្មាសម្ពុទ្ធ ជួយបន្តអាយុកាលព្រះពុទ្ធសាសនាឲ្យតាំងនៅអស់កាលដ៏យូរ ដើម្បីបានជាប្រយោជន៍ដល់មនុស្ស និងទេវតាទាំងឡាយ និងជួយដល់សង្គមជាតិឲ្យមានសុខដុមនីយកម្មសាសនាទៀតផង ។
២- ជាការបំពេញតួនាទីក្នុងនាមកុលបុត្រខេមរជន ។ ជនជាតិខ្មែរយើង តាំងពីបុរាណសម័យរហូតដល់បច្ចុប្បន្ន បើក្នុងត្រកូលណាមានកូនប្រុសតែងបញ្ជូនកុលបុត្រនោះ ឲ្យមកសិក្សាសំណាក់បដិបត្តិ ឬបព្វជ្ជាជាសាមណេរ ឬក៏ឧបសម្បទាជាភិក្ខុភាវៈក្នុងព្រះពុទ្ធសាសនា ជាទ្រព្យ ដែលមានតម្លៃដ៏ខ្ពង់ខ្ពស់កាត់ថ្លៃមិនបាន និងសង្គមក៏បានទទួលស្គាល់តម្លៃអ្នកបួសថា ជាអ្នកបានប្រព្រឹត្តវត្តប្រណិប័តន៍ក្នុងធម្មវិន័យនេះទៀតផង ។
៣- ជាអ្នកអនុកូលទៅតាមមាតាបិតា ដូចដែលយើងបានកាន់យកជាប្រពៃណីមកថា បើអ្នកណាបានបំបួសកូនហើយ នឹងបានបុណ្យកុសលច្រើនជាអនេកប្បការ ។ កូនបានបព្វជ្ជាហើយ ឪពុកម្តាយ បងប្អូន ញាតិមិត្តព្រៀងលាន មានបីតិសោមនស្សភាព បានតោងជាយសំពត់កាសាវៈ ទៅកាន់ផ្លូវនៃសប្បុរស រហូតដល់បានជាញាតិក្នុហព្រះពុទ្ធសាសនាទៀតផង ដូច្នេះការបួសនេះ ដើម្បីបំពេញភ្ជាប់ឧបនិស្ស័យ និងការជួយដល់ញាតិ ដោយអំណាចនៃការផ្សាយមេត្តាភាវនាដល់សព្វសត្វទៀតផង ។
សារៈសំខាន់ នៃការបួស គឺស្ថិតនៅត្រង់ការសិក្សាអប់រំ ដែលភាសានៅក្នុងព្រះពុទ្ធសាសនាហៅថា សិក្ខាហ្នឹងឯង និងទិសដៅនៃការបួស គឺការរួចផុតចាកទុក្ខ ដូចជាបានរៀបរាប់ពីខាងដើមមក ។
ថ្វាយ-ប្រគេន-ជូនបុណ្យធម្មមិត្តគ្រប់រូប ! អនុមោទនា !