ការចម្រើនសមថ-វិបស្សនាកម្មដ្ឋាន នាថ្ងៃឡើងស័ក
រៀបចំដោយពុទ្ធមណ្ឌលវិបស្សនាធុរៈ និងរដ្ឋបាលខេត្តកណ្តាល
━━━━━━━━━━━━✥◈✥━━━━━━━━━━━━
នៅពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា មានប្រារព្ធការចម្រើនសមថ-វិបស្សនាកម្មដ្ឋាន នាថ្ងៃឡើងស័ក ឆ្លងពិធីបុណ្យថ្ងៃចូលឆ្នាំថ្មី ថ្ងៃទី០៣ រៀបចំដោយពុទ្ធមណ្ឌលវិបស្សនាធុរៈ និងរដ្ឋបាលសាលាខេត្តកណ្តាល ក្រោមការគ្រប់គ្រងដឹកនាំរបស់ព្រះសាសនមុនី មហាកម្មដ្ឋានាចរិយ ហ៊ឹម បុនធឿន ធម្មត្ថេរោ ប្រធានពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា និងថ្នាក់ដឹកនាំខេត្តកណ្តាលមានឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ដែលមានព្រះសង្ឃ សីលវន្ត សីលវតី មន្ត្រីរាជការ សិស្សានុសិស្ស និងពុទ្ធបរិស័ទ ចំនួន ២០០០ អង្គ/នាក់ នៅមុខទីលានព្រះអង្គធំ ព្រៃធុតង្គ ។
នៅក្នុងពិធីនេះ មានការនិមន្ត-អញ្ជើញចូលរួមពី៖
– ព្រះសាសនមុនី មហាកម្មដ្ឋានាចរិយ ហ៊ឹម បុនធឿន ធម្មត្ថេរោ ប្រធានពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា
– ព្រះរាជាគណៈ ព្រះថេរានុត្ថេរៈ
– ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងលោកជំទាវ ថេង ពុទ្ធិតា
– ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត
– អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ មហាសទ្ធម្មជោតិកធជៈ សុខ អ៉ីម
– លោក លោកស្រី មន្ទីរអង្គភាពជុំវិញសាលាខេត្ត
– លោក លោកស្រី អភិបាលនៃគណៈអភិបាលស្រុក និងសហការី
– សីលវន្ត សីលវតី សិស្សានុសិស្ស និងពុទ្ធបរិស័ទ ។
ដោយបុញ្ញានុភាព នៃអាមិសទាន ធម្មទាន និងការចម្រើនសមថ-វិបស្សនាកម្មដ្ឋាន នាវរោកាសថ្ងៃឡើងស័កនេះ សូមជនានុជននៅក្នុងកម្ពុជរដ្ឋ និងពិភពលោក បានទទួលសុខសន្តិភាព និងចៀសផុតពីរោគាពាធទាំងឡាយទាំងពួង ចូររក្សាខ្លួន និងរស់នៅជាសុខ ចូរនាំគ្នាបំពេញសេចក្តីល្អ វត្តប្រណិប័តន៍សាសនព្រហ្មចរិយធម៌
មានវុឌ្ឍិធម៌ ធម៌ដែលនាំឲ្យមានសេចក្តីចម្រើន ៤ ប្រការយ៉ាងគឺ៖
១-សប្បុរិសូបសំសេវៈ សេពគប់សប្បុរស គឺលោកអ្នកប្រព្រឹត្តល្អដោយកាយ វាចា ចិត្តជាប្រក្រតី
២- សទ្ធម្មស្សវនៈ ស្តាប់ពាក្យប្រៀប្រដៅរបស់បណ្ឌិតអ្នកប្រាជ្ញដោយគោរព
៣-យោនិសោមនសិការៈ ត្រិះរិះឱ្យស្គាល់របស់ល្អ ឬអាក្រក់ដោយឧបាយដែលត្រូវ
៤- ធម្មានុធម្មប្បដិបត្តិ ប្រតិបត្តិធម៌សមគួរដល់ធម៌ដែលបានត្រិះរិះឃើញហើយ។
សប្បុរសក្នុងទីនេះ លោកសំដៅយកបុគ្គលអ្នកប្រព្រឹត្តល្អដោយកាយ វាចា ចិត្ត ប៉ុន្តែសម្រាប់ក្នុងទីដទៃ លោកសំដៅយកបុគ្គលអ្នកមានសន្តានចិត្តស្ងប់រម្ងាប់ក៏មាន។ ទោះជាយ៉ាងណាក៏ដោយ បុគ្គលដែលនឹងបាននាមថា សប្បុរសនោះ គឺជាមនុស្សល្អ អ្នកប្រព្រឹត្តតែអំពើសុចរិត សូម្បីតាមរូបស័ព្ទក៏បានកំណត់យកថា បុរសល្អ ឬមនុស្សល្អ។ ពាក្យថាល្អនោះ គឺមនុស្សមិនអាក្រក់ ពោលគឺមិនប្រព្រឹត្តសេចក្តីអាក្រក់ សេចក្តីនាំឱ្យវិនាស ជាអ្នកប្រព្រឹត្តល្អគួរជាទីរាប់អាននៃអ្នកផងទាំងពួង បុគ្គលប្រភេទនេះហៅថា សប្បុរស។
ពាក្យថា សេពគប់ក្នុងទីនេះ អ្នកសិក្សាគប្បីជ្រាបថា មិនមែនសេពគប់ដោយឋានៈ ជាមិត្តភក្តិ ពួកម៉ាកនោះទេ។ លោកសំដៅយកការសេពគប់ ដែលប្រព្រឹត្តទៅដោយឋានៈជាគ្រូអាចារ្យ ដែលគួរគោរពបូជា។
ពាក្យថា ស្តាប់ពាក្យប្រដៅរបស់លោក ដោយគោរពនោះ គឺតាំងចិត្តស្តាប់ក្នុងពេលដែលកំពុងស្តាប់មិនបញ្ជូនចិត្ត ឱ្យរាយមាយទៅក្នុងអារម្មណ៍ផ្សេងៗ ហើយត្រូវតម្រង់ចិត្តឱ្យមានដំណើរឆ្ពោះទៅកាន់ក្រសែនៃសេចក្តីនោះតែប៉ុណ្ណោះ នេះឈ្មោះថា ស្តាប់ដោយគោរព ។
តាមទ្រឹស្តីព្រះពុទ្ធសាសនាលោកឱ្យត្រិះរិះពិចារណាឱ្យស្គាល់របស់ល្អ ឬអាក្រក់ដោយឧបាយដែលត្រូវ គឺត្រិះរិះដោយវិចារណញ្ញាណយ៉ាងសុខុម ពោលគឺកាលបើបានស្តាប់ពាក្យប្រៀនប្រដៅហើយ គប្បីត្រិះរិះពិចារណាថា គួរប្រតិបត្តិធម៌នោះយ៉ាងដូចម្តេចទើបសមគួរដល់តួនាទីរបស់ខ្លួន។
នៅពេលពិចារណាឃើញហេតុផលច្បាស់ប្រាកដហើយ ត្រូវអនុវត្តជាក់ស្តែងតាមឧបាយនោះពោលគឺ បុគ្គលដែលតែងតែប្រព្រឹត្តអំពើអបាយគប្បីរៀនលះកម្មចាស់ (សំដៅអំពើអាក្រក់) នោះចោល ហើយទាញចិត្តងាកមករកផ្លូវសុចរិតវិញ ។
ថ្វាយ-ប្រគេន-ជូនបុណ្យ សូមជ្រះថ្លាអនុមោទនា ដោយសោមនស្សភាព !