កម្រងវីឌីអូ ទិដ្ឋភាពនៃកិច្ចបដិបត្តិធុតង្គវត្ត
ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា
(ព.ស.២៥៦៥ គ.ស.២០២២ កន្លងទៅ)
━━━━━━✥◈✥━━━━━━
មុហុត្តមបិ ចេ វិញ្ញូ បណ្ឌិតំ បយិរុបាសតិ
ខិប្បំ ធម្មំ វិជានាតិ ជិវ្ហា សូបរសំ យថា។
វិញ្ញូជន បើចូលទៅអង្គុយជិតអ្នកប្រាជ្ញ សូម្បីតែមួយរំពេច រមែងយល់រសធម៌ ដោយឆាប់រហ័ស ដូចអណ្តាតដឹងនូវរសសម្ល ។ (បិដកភាគ ៥២ ទំព័រ ៣៥) ។
អ្នកប្រាជ្ញពុទ្ធសាសនាបែងចែកព្រះសទ្ធម្មជា ៣ ប្រភេទ ។
- ការរៀនចេះចាំ ការបង្រៀន កាសម្ដែងនូវមគ្គនិងផល នោះជាបរិយត្តិធម៌
- ការប្រឹងប្រែងប្រតិបត្តិប្រព្រឹត្តទៅតាមអង្គមគ្គ ចាត់ចូលជាបដិបត្តិ
- ការបានសម្រេចចាក់ធ្លុះនូវអង្គមគ្គ នោះជាបដិវេធៈ ។
ខាងក្រោមនេះជាព្រះសទ្ធម្មចែកជា ៣ ប្រភេទគឺ៖
១-បរិយត្តិធម៌ ពុទ្ធវចនៈ ព្រះត្រៃបិដកសំដែងអំពីគោលធម៌ របៀបបែបផែន ដំបូន្មាន ច្បាប់សម្រាប់ប្រតិបត្តិដែលពុទ្ធបរិស័ទត្រូវរៀនស្វាធ្យាយ ទ្រទ្រង់ បង្ហាត់បង្រៀន សម្ដែងប្រាប់ដល់អ្នកដទៃ ហៅថាបរិយត្តិធម៌ ។
២-បដិបត្តិធម៌ ធម៌សម្រាប់ប្រតិបត្តិប្រព្រឹត្តតាម បានដល់សីល សមាធិ បញ្ញា ឬសេចក្ដីប្រតិបត្តិតាម ធ្វើតាម កាន់តាមនូវធម៌ដ៏សមគួរដល់ធម៌ដែលខ្លួនបានរៀន បានស្ដាប់ បានចេះដឹង ដើម្បីឲ្យដល់នូវធម៌ដែលខ្លួនមិនទាន់ដល់ ឲ្យសម្រេចនូវធម៌ដែលខ្លួនមិនទាន់បានសម្រេច ដើម្បីឲ្យជាក់ច្បាស់នូវខ្លឹមនៃធម៌ ។
៣-បដិវេធធម៌ ការត្រាស់ដឹង បានដល់កិរិយាបានសម្រេច បានជាក់ច្បាស់ចាក់ធ្លុះនូវបរមត្ថ គឺមគ្គ ផល និព្វាន ដែលជាផលសម្រេចអំពីការរៀន ការស្ដាប់ និងការប្រតិបត្តិ ។
បរិស័ទទាំងអស់ប្រៀបដូចអ្នកដំណើរ, ព្រះសម្ពុទ្ធទុកដូចអ្នកស្គាល់ផ្លូវ អ្នកបង្ហាញផ្លូវ, បរិយត្តិធម៌ដូចជាផ្លូវត្រង់, បដិបត្តិធម៌ដូចជាដំណើរទៅតាមផ្លូវត្រង់នៃអ្នកដំណើរ, បដិវេធធម៌ដូចជាដំណើរទៅដល់កន្លែងដែលត្រូវទៅឲ្យដល់នៃអ្នកដំណើរ ។ អនុមោទោទនា !