Back to Top

សេចក្តីប្រគេន ជូនដំណឹង

ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា (ខាងលិចភ្នំព្រះរាជទ្រព្យ) ស្ថិតនៅឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល មានកិត្តិយស សូមប្រគេន និង ជំរាបជូន ព្រះថេរានុត្ថេរៈ និងពុទ្ធបិស័ទទាំងអស់ឲ្យបានជ្រាបថា ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា នឹងមានបើកបង្រៀនសមថកម្មដ្ឋាន និងវិបស្សនាកម្មដ្ឋានវគ្គខ្លីរៀងរាល់ថ្ងៃអាទិត្យ ចាប់ផ្តើមពីម៉ោង ២ : ០០ នាទី រសៀលដល់ម៉ោង ៤ : ០០ នាទីល្ងាច ដែលមានការបង្ហាត់បង្រៀនដោយ គ្រូធម្មចារ្យ ដែលមានបទពិសោធន៍បង្រៀនយូរឆ្នាំ។

បញ្ជាក់ៈ ការសិក្សាសមថកម្មដ្ឋាន និងវិបស្សនាកម្មដ្ឋាន ចាប់ផ្តើមពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៦ នេះតទៅ។

សូមអារាធនានិមន្ត និងអញ្ជើញចូលរួមសិក្សា ដោយសេចក្តីជ្រះថ្លា !!!

ទំនាក់ទំនងទូរស័ព្ទលេខ៖
០៨៨ ៧៨៩​ ៥៩៩៩
០៨៨​ ៤៣២​ ៤៩២៧
០៨១ ៧៣២ ៣៦៩
០៩២ ៧៧៦​ ៩៧៦

សូមអរព្រះគុណ និងអរគុណ!

ការ​ជាប់​ជំពាក់​ចិត្ត​ចំពោះ​អ្វី​មួយ ត្រូវ​បិទ​ផ្លូវ​កាយ និង​វាចា​ជាមុន​ទើប​លះ​បង់​បាន

រឿង​កុទ្ទាលកបណ្ឌិត
(ចាក កុ. ខុ.)
(ការ​ជាប់​ជំពាក់​ចិត្ត​ចំពោះ​អ្វី​មួយ ត្រូវ​បិទ​ផ្លូវ​កាយ និង​វាចា​ជាមុន​ទើប​លះ​បង់​បាន)

កាល​ពី​ព្រេងនាយ ព្រះ​បាទ​ព្រហ្មទត្ត​សោយ​រាជ្យ​ក្នុង​ក្រុង​ពារាណសី។ ពេល​នោះ​ មាន​មនុស្ស​ម្នាក់​ឈ្មោះ​កុទ្ទាលកបណ្ឌិត មាន​ចិត្ត​ធុញ​ទ្រាន់​ក្នុង​ការ​គ្រប់​គ្រង​ផ្ទះ បាន​ចេញ​ទៅ​បួស​ជា​តាបស នៅ​ក្នុង​ព្រៃ​ហេមពាន្ត​អស់​ ៨ ខែ ដល់រដូវ​ភ្លៀង​សើម​ដី ក៏​នឹក​ភ្នក​ដល់​គ្រាប់​ស្ដៅ​កន្លះ​នាឡិ និង​ចប​កាប់​កញ្ចាស់​មួយ​នៅ​ឯ​ផ្ទះ ហើយ​សឹក​ចេញ​ទៅ​ដាំ​គ្រាប់​ស្ដៅ​នោះ សំ​ចៃ​ទុក​ធ្វើ​ពូជ​មួយ​នាឡិ សល់​ពី​នោះ​ទុក​បរិភោគ។

លុះ​ធ្វើ​របរ​នេះ​រួច​ហើយ គិត​ថា​នៅ​ផ្ទះ​គ្មាន​ប្រយោជន៍​ បាន​រៀប​ចំ​ទុក​គ្រាប់​ពូជ និង​ចប​កាប់​កញ្ចាស់​ស្រួល​បួល​ហើយ ក៏​ចេញ​ទៅ​បួស​ជា​តាបស​បាន ៨ ខែទៀត ដល់​រដូវ​ភ្លៀង​សើម​ដី នឹក​ឃើញ​ដល់​គ្រាប់​ស្ដៅ​ និង​ចប​កាប់​កញ្ចាស់​នោះ​ទៀត បាន​សឹក​មក​ប្រកប​មុខ​របរនោះ​ដូច​មុន។គ្រាន់​តែ​សឹក​បួសៗ បែប​នេះ​អស់​ ៦ ដង។

កុទ្ទាលកបណ្ឌិត គិត​ថា​ឥឡូវ​ដល់​រដូវ​ភ្លៀង​សើម​ដី​ទៀត​ហើយ បើ​អញ​សឹក​ម្ដង​ទៀត​ជា​លើក​ទី ៧ ហើយ​ព្រោះ​តែ​គ្រាប់​ស្ដៅ​ និង​ចបកញ្ចាស់​មួយ យីអើ! អា!​ ចប​កញ្ចាស់ និង​គ្រាប់​ស្ដៅ​នេះ ដឹក​នាំ​អញ​ឲ្យ​វឹកវរ​ណាស់​តើ? ចេះតែ​មក​ល្បួង​ឲ្យ​ឯង​សឹក​ទៅ​នៅ​ជា​មួយ​វា ដូច្នេះ​អញ​ត្រូវ​យក​វា​ទៅ​ប្រោស​ចោល​ឲ្យ​ស្រឡះទើប​បាន គិត​ហើយ​ក៏​ទៅ​យក​ កញ្ចប់ គ្រាប់​ស្ដៅ ចង​ភ្ជាប់​នឹង​ក្បាល​ចប លី​ដើរ​ទៅ​មាត់​ស្ទឹង​គង្គា ដល់​ហើយ​ឈរ​ធ្មេចភ្នែក គ្រវីចប​លើក្បាល​បី​ជុំ គ្រវាត់​ចោល​ប្រូង​ទៅ​ក្នុង​ទឹក ហើយ​ស្រែក​ថាឈ្នះ​ហើយ ៗ បី​ដង។

គ្រា​នោះ​ព្រះ​ចៅ​ក្រុង​ពារាណសី ទើប​នឹង​ត្រឡប់​ពី​បង្ក្រាប​សត្រូវ​ក្នុង​បច្ចន្តជនបទ មក​ឈប់​សម្រាកព្រះ​កាយពល ត្រង់​ឆ្នេរ​ស្ទឹង​គង្គា​ជិត​ទី​ដែលកុទ្ទាលកបណ្ឌិត​ទៅ​ចោល​ចប​កញ្ចាស់​នោះ​ដែរ ទ្រង់​ព្រះ​សណ្ដាប់​ឮ​សម្លេង​ឈ្នះ​ហើយ ៗ នោះ​បាន​ទត​ទៅ​ត្រង់​ទិស​ដែល​មាន​សម្លេង បាន​ឃើញ​តាបស​កំពុង​ឈរ ក៏​យាង​ទៅ​ជិត​សួរ​ថា លោក​ម្ចាស់​យើង​បាន​បង្ក្រាប​សត្រូវ​ឈ្នះ​អស់​ហើយ ទើប​មក​សម្រាក​ទី​នេះ តើ​លោក​ស្រែក​ថា​ឈ្នះ​ហើយ ៗ នោះ​ឈ្នះ​នូវ​អ្វី?

កុទ្ទាលកតាបស​ទូល​ថា បពិត្រ​មហារាជ ! ព្រះអង្គ​ឈ្នះ​ពួក​ចោរ​ខាង​ក្រៅ ជម្នះ​របស់​ព្រះ​អង្គ​នេះ គេ​អាច​យក​ឈ្នះ​វិញ​បាន។ ឯ​ចោរ​គឺ​លោភ​តណ្ហា ដែល​អាត្មា​បាន​ឈ្នះ​ហើយ​នេះ វា​មិន​អាច​យក​ឈ្នះ​អាត្មា​វិញ​បាន​ឡើយ ជា​ជម្មះ​អាច​សម្រេច​ប្រយោជន៍​បាន លោក​សូត្រ​ភាសិត​ថ្វាយ​ថាៈ

ន តំ ជិតំ សាធុ ជិតំ
យំ ជិតំ អវជិយតិ
ពំ ខោ ជិតំ សាធុ ជិតំ
យំ ជិតំ នាវជិយតិ។

ប្រែថា ជម្នះ​ឯណា​ដែល​គេ​ត្រឡប់​ឈ្នះ​វិញ​បាន ជម្នះ​នោះ​មិន​សម្រេច​ប្រយោជន៍​ឡើយ ជម្នះ​ឯណា​ដែល​គេ​មិន​អាច​យក​ឈ្នះ​វិញ​បាន ជម្នះ​នោះ​ឯង​ទើប​សម្រេច​ប្រយោជន៍​បាន លុះ​សូត្រ​ភាសិតនេះ​ចប់​ហើយ តាបស​សម្លឹង​ខ្សែ​ទឹក​ក្នុង​ស្ទឹង​គង្គា ក៏​បាន​សម្រេច​អាបោកសិណ ហើយ​អង្គុយពែនព្វ​ដ៏​អាកាស ដូច​ជា​ដុំ​ពពក។

ព្រះ​ចៅ​ក្រុង​ពារាណសី និង​ពលសេនា មាន​ព្រះទ័យ​មាន​ចិត្ត​ជ្រះ​ថ្លា ព្រឺរោម ព្រឺស្បែក បាន​ក្រាប​ថ្វាយ​បង្គំ​សូម​បព្វជ្ជា ជា​តាបស​ទាំង​អស់​គ្នា​ក្នុង​ពេល​នោះ។ តមក​ស្ដេច​បទេស​រាជ​ទាំង ៧ អង្គ​ដែល​ចង់​ដណ្ដើម​រាជ្យ កាល​បើ​ដឹង​ថា ព្រះ​ចៅ​ក្រុង​ពារាណសី និង​ពល​សេនា​បាន​បួស​ហើយ ក៏​មាន​ព្រះ​ទ័យ​ជ្រះថ្លា នាំ​ពល​សេនា​ទៅ​បួស​ដែរ។

ចំណែក​កុទ្ទាលកតាបស ខំ​ប្រព្រឹត្តព្រហ្មចរិយធម៌​ដរាប​សល់​អស់​អាយុ បាន​ទៅ​កើត​ព្រហ្ម​លោក។ ឯកុទ្ទាលកតាបស​នោះ គឺ​តួ​អង្គ​ព្រះ​សម្ពុទ្ធ​នេះឯង។

ថ្ងៃមួយព្រះ​សម្ពុទ្ធ​គង់​នៅ​វត្ត​ជេតពន មាន​ព្រះ​ថេរៈមួយ​អង្គ​ឈ្មោះ​ចិត្តហតត្ថេរ ចេះ​តែ​បួស​សឹក ៗ អស់​វីរៈ ៦ ដង ដល់​បួស​លើក​ទី ៧ ទើប​បាន​សម្រេច​ព្រះ​អរហត្តផល។ ភិក្ខុ​ទាំង​ឡាយ​នាំ​គ្នា​និយាយថា កិលេស​មាន​ទម្ងន់​ណាស់​សម្បី​អ្នក​មាន​និស្ស័យ​ជា​ព្រះ​អរហន្ត ដូចចិត្តហតត្ថេរ​នេះ​ហើយ ទម្រាំតែ​លះ​បង់​បាន​ ត្រូវ​បួសសឹកៗ អស់ ៧ ដង។

ពេល​នោះ ព្រះសាស្ដា​ត្រាស់​សម្ដែង​ចំពោះ​ភិក្ខុ​ទាំង​ឡាយថា កិលេស​នោះ​មាន​ទង្ងន់​ណាស់ បើ​មាន​រូប គ្មាន​កន្លែង​ទុក​ដាក់​ឡើយ សូម្បី​ចក្ក​វាឡ​និង​ព្រហ្ម​លោក​ក៏​ចង្អៀត​ដែរ កថាគតជា​បុរស​អាជានេយ្យ ក៏​ធ្លាប់​កិលេស​ដឹក​នាំ​ឲ្យ​បួស សឹក ៗ អស់​ ៧ ដង​ដែរ ទើប​ព្រះអង្គ​នាំ​អតីត​និទាន​កុទ្ទាលកបណ្ឌិតមក​សម្ដែង​ដូច​ខាង​លើ​នេះ​ឯង។

ស្រង់​ចេញ​ពី​សៀវ​ភៅប្រជុំ​និ​ទាន​ជាតក​ ។

ដោយ៥០០០ឆ្នាំ

ទ្រឹស្តី​កម្ម​ជា​ទ្រឹស្តី​ដែល​និយាយ​អំពី​ហេតុ​និង​ផល

ការ​បក​ស្រាយ​អំពី​ពាក្យ​ថា ” កម្ម​ ” ។ ពាក្យ​ថា​ ” កម្ម​ ” នៅ​ក្នុង​ភាសាបាលី​ប្រែ​ដោយ​ព្យ​ញ្ជនៈ​ (ប្រែ​តាម​រូប​ស័ព្ទ​) ថា​ ” ការ​ធ្វើ ” ឬ​ ” ទង្វើ ” ។ ដោយ​ឡែក​ក្នុង​ទ្រឹស្តី​កម្ម​របស់​ព្រះពុទ្ធ​សាសនា​​ គឺ​មាន​ន័យ​សំដៅ​តែ​ទៅ​លើ​ការ​ធ្វើ​ដែល​ប្រ​កប​ដោយ​ចេត​នា​ប៉ុណ្ណោះ​ មិន​បាន​សំដៅ​ទៅ​ដល់​ការ​ធ្វើ​គ្រប់​យ៉ាង​ ទាំង​មិន​បាន​សំដៅ​ទៅ​ដល់​ផល​របស់​កម្ម​ ដូច​ដែល​មនុស្ស​ជា​ច្រើន​នាំ​គ្នា​ប្រើ​យ៉ាង​ខុស​ឆ្គង​នោះ​ឡើយ​ ដ្បិត​ថា​ផល​របស់​កម្ម​ហៅ​ថា ” ផល​ ” ឬ​វិបាក​របស់​កម្ម​ (កម្ម​ផល ឬ​កម្ម​វិបាក​) ។

ចេត​នា​អាច​នឹង​ល្អ​ឬ​អាក្រក់​ក៏​ថា​បាន ដូច​គ្នា​ទៅនឹង​តណ្ហា​ដែល​មាន​ទាំង​ល្អ​និង​អាក្រក់​ ដូច​នេះ​ទើប​កម្ម​អាច​នឹង​មាន​ទាំង​ល្អ​និង​អាក្រក់​ ។​ កម្ម​ល្អ​ (កុសល​កម្ម​) រមែង​ឲ្យ​ផល​ល្អ​ រី​ឯ​កម្ម​អាក្រក់​ (អកុសល​កម្ម​) រមែង​ឲ្យ​នូវ​ផល​អា​ក្រក់​ ។ តណ្ហា​ ចេត​នា​ កម្ម​ មិន​ថា​ល្អ​ឬ​អាក្រក់​រមែង​មាន​កម្លាំង​ម៉្យាង​ជា​ផល​ គឺ​កម្លាំង​ដែល​ធ្វើ​ឲ្យ​កើត​មាន​ការ​អន្ទោល​ទៅ​មក​ដែល​សំដៅ​ដល់​ការ​អន្ទោល​ទៅ​មក​ ទាំង​នៅ​ក្នុង​ផ្នែក​ល្អ​និង​ផ្នែក​អាក្រក់​ (សុគតិ​និង​ទុគតិ)​ ។

និ​យាយ​ម៉្យាង​ទៀត​ថា​ មិន​ថា​កម្ម​ដែល​បុគ្គល​បាន​ធ្វើ​ហើយ​ ជា​កម្ម​ល្អ​ឬ​អាក្រក់​ក៏​ដោ​យ​ចុះ​ សុទ្ធ​តែ​ស្ថិត​នៅ​ក្នុង​វដ្ត​ចក្រ​នៃ​ការ​អន្ទោល​វិល​វល់​កើត​ស្លាប់​ (សង្សារវដ្ត​) ទាំង​អស់ ។ ដោយ​ឡែក​ព្រះ​អរហន្ត​ ទោះ​បី​លោក​បាន​ធ្វើ​នូវ​កម្ម​ (អំពី​) ក៏​​ពិត​មែន​ តែ​លោក​ក៏​មិន​បាន​សន្សំ​នូវ​កម្ម​ ព្រោះ​លោក​រួច​ចាក​ផុត​ពី​កា​រ​ប្រ​កាន់​មាំ​នៅ​ក្នុង​តួ​ខ្លួន​ (បញ្ចក្ខន្ធ​) ផុត​ចា​ក​ពី​តណ្ហា​ដែល​នឹង​ធ្វើ​ឲ្យ​កើត​នូវ​ការ​អន្ទោល​វិល​វល់​ ផុត​ចាក​កិលេស​អា​សវៈ​ទាំង​ឡាយ​ទាំង​ពួង​ (​កិលេស​សាសវធម្ម​) ។ ព្រោះ​ហេតុ​ដូច្នេះ​ ទើប​មិន​មាន​ការ​កើត​ថ្មី​សម្រាប់​លោក​ ។

ទ្រឹស្តី​កម្ម​នេះ ចាំ​បាច់​មិន​ត្រូវ​ឲ្យ​មាន​ការ​យល់​ច្រឡំ​ជំពាក់​វាក់​វិន​ទៅ​នឹង​អ្វី​ដែល​យើង​នាំ​គ្នា​ហៅ​ថា ” យុត្តិធម៌​ផ្នែក​សីល​ធម៌ ” ឬ​ ” ការ​ផ្តល់​នូវ​គុណ​និង​ទោស​ ” ។ ផ្នត់​គំនិត​ដែល​ទាក់​ទង​ជា​មួយ​យុត្តិ​ធម៌​ផ្នែក​សីល​ធម៌​ ឬ​ការ​ឲ្យ​នូវ​គុណ​និង​ទោស​នេះ​ កើត​ចេញ​ពី​ជំនឿ​ដែលថា​មាន​បុគ្គល​វិសេស​គឺ​ព្រះ​ជា​ម្ចាស់​ ចាំ​ធ្វើ​តួ​នា​ទី​ជំ​នុំ​ជម្រះ​ ជា​អ្នក​បញ្ញាត្ត​ក្រឹត្យ​ក្រម​ ទាំង​ជា​អ្នក​សម្រេច​ថា​អ្វី​ត្រូវ​អ្វី​ខុស​ ។

ទ្រឹស្តី​កម្ម​ជា​ទ្រឹស្តី​ដែល​និយាយ​អំពី​ហេតុ​និង​ផល​ ជា​ទ្រឹស្តី​អំពី​កិរិយា​និង​បដិ​កិរិយា​ ជា​ច្បាប់​ធម្ម​ជាតិ​ហើយ​ដែល​មិន​មាន​ពាក់​ព័ន្ធ​ជា​មួយ​នឹង​ផ្នត់​គំនិត​ស្តី​អំពី​ ” យុត្តិ​ធម៌ ” ឬ​ ” ការ​ផ្តល់​នូវ​គុណ​និង​ទោស​ ” ដោយ​ប្រ​ការ​ណា​មួយ​នោះ​ឡើយ ។ កា​រ​ធ្វើ​ដែល​ប្រ​កប​ដោយ​ចេត​នា​គ្រប់​ប្រ​ភេទ​ នឹង​ឲ្យ​ផល​ឬ​វិបាក​របស់​វា​ត្រ​ឡប់​មក​វិញ​ បើ​ជា​កម្ម​ល្អ​នឹង​ឲ្យ​នូវ​ផល​ល្អ​ តែ​បើ​ជា​កម្ម​អាក្រក់​ក៏​នឹង​ឲ្យ​មក​វិញ​នូវ​ផល​អា​ក្រក់​ វា​មិន​មែន​ជា​ ” យុត្តិ​ធម៌ ” ឬ​ ” ការ​ផ្តល់​នូវ​គុណ​និង​ទោស​ ” ពី​សំណាក់​អា​ទិទេព​អង្គ​ណា​មួយ​ ឬ​អំពី​អំណាច​វិសេស​ណា​មួយ​ដែល​រង់​ចាំ​ជំនុំ​ជម្រះ​ នូវ​រាល់​ទង្វើ​របស់​អ្នក​នោះ​ឡើយ​ ប៉ុន្តែ​វា​ប្រ​ព្រឹត្ត​ទៅ​តាម​ច្បាប់​របស់​ធម្ម​ជាតិ​ និង​ជា​ច្បាប់​នៅ​ក្នុង​ខ្លួន​របស់​វា​ផ្ទាល់ ។

រឿង​នេះ​គឺ​មិន​ពិបាក​យល់​ឡើយ​ តែ​រឿង​ដែល​ពិបាក​យល់​នោះ​គឺ​ថា​ ផ្អែក​តាម​ទ្រឹស្តី​កម្ម​នេះ​ តើ​ផល​របស់​កម្ម​ដែល​ធ្វើ​ដោយ​ការ​តាំង​ចិត្ត​ (​មាន​ចេតនា​) អាច​តភ្ជាប់​ទៅ​ដល់​ជី​វិត​បន្ទាប់​បាន​យ៉ាង​ដូច​ម្តេច​? នៅ​ក្នុង​ទី​នេះ​នឹង​អធិប្បាយ​អំពី​សេច​ក្តី​ស្លាប់​ តាម​គោល​ការណ៍​របស់​ព្រះ​ពុទ្ធ​សាសនា​ គ្រាន់​ជាមូល​ដ្ឋាន​ចំណេះ​ដឹង​ សម្រាប់​ត្រិះ​រិះ​ពិចារណា​ដូច​តទៅ​ ៖

ដូច​យើង​ជ្រាប​ស្រាប់​ហើយ​ (ដូច​បាន​អធិប្បាយ​រួម​មក​ហើយ​) ថាអ្វី​ដែល​យើង​នាំ​គ្នា​ហៅ​ថា​ជា​​សត្វ​ ជា​បុគ្គល​នោះ​ គឺ​មិន​មាន​អ្វី​ផ្សេង​ឡើយ​ក្រៅ​ពី​ការ​រួម​បញ្ចូល​គ្នា​របស់​កម្លាំង​ ឬ​ឋាមពល​ ទាំង​ខាងផ្នែក​រាង​កាយ​និង​ចិត្ត​គំនិត​ ហើយ​អ្វី​ដែល​យើ​ង​នាំ​គ្នា​ហៅ​ថា​សេច​ក្តី​ស្លាប់​នោះ​គឺ​ សំដៅ​ដល់​ការ​ឈប់​ធ្វើ​ការ​របស់​រាង​កាយ​ ។

ដូច្នេះ​សួរ​ថា​តើ​កម្លាំង​ឬ​ឋាម​ពល​ទាំង​ឡាយ​ នឹ​ង​ឈប់​ទៅ​ព្រម​គ្នា​ជា​មួយ​នឹង​ការ​ឈប់​ធ្វើការ​របស់​រាង​កាយ​មែ​ន​ឬ​? ទ្រឹស្តី​ព្រះ​ពុទ្ធ​សាសនា​ឆ្លើយ​ថា​ ” មិន​មែន​យ៉ាង​ដូច្នោះ​ឡើយ ” ។ ការ​តាំង​ចិត្ត​ ការ​ប៉ុន​ប៉ង​ សេច​ក្តី​ត្រេក​ត្រ​អាល​ សេចក្តី​សេ្រក​ឃ្លាន​ក្នុង​ការ​ប្រា​ថ្នា​ឲ្យ​ខ្លួន​ ក្លាយ​ទៅ​ជា​យ៉ាង​នេះ​ ឬ​យ៉ាង​នោះ​ កា​រ​ជាប់​ជំពាក់​ទៅ​លើអ្វី​មួយ​ ការ​ចង់​ឲ្យ​មាន​ដំណើរ​បន្ត​ សេច​ក្តី​ប្រាថ្នា​ដ៏​ក្រៃ​លែង​ទាំង​នេះ​ ជា​កម្លាំង​ដ៏​មហា​សាល​ដែល​រុញ​ច្រាន​គ្រប់​ជីវិត​ គ្រប់​សភាវៈ​ ឬ​សូម្បី​តែ​លោក​ទាំង​មូល​ឲ្យ​ធ្លាក់​ទៅ​ក្នុង​អំណាច​នៃ​ច្បាប់​វដ្ត​ចក្រ​ វា​ជាកម្លាំង​ដ៏​មហិមា​បំផុត​ ជា​កម្លាំង​ដ៏​មហា​សាល​បំផុត​ក្នុង​លោក ។

តាម​គោលការណ៍​របស់​ព្រះ​ពុទ្ធសាសនា​ (តាម​ច្បាប់​ធម្ម​ជាតិ​) កម្លាំង​ដែល​ថានេះ​មិន​បាន​ឈប់​ព្រម​ទៅ​ជា​មួយ​នឹង​ ការ​ឈប់​ធ្វើ​ការ​របស់​រាង​កាយ​ (គឺសេច​ក្តី​ស្លាប់​) នោះ​ឡើយ​ តែ​វា​បាន​បន្ត​ទៅ​ប្រាកដ​ខ្លួន​នៅ​ក្នុង​រូ​ប​មួយ​ដទៃ​ផ្សេង​ទៀត​ ដោយ​បង្ក​ឲ្យ​មាន​នូវ​ជាតិ​កំណើត​ថ្មី ឬ​ដែល​យើង​នាំ​គ្នា​ហៅ​ថា​ ការ​កើត​ថ្មី (​ការ​កើត​ម្តង​ទៀត​) ។

មក​ដល់​ត្រង់​ចំណុច​នេះ​ មាន​សំណួរ​មួយ​សួរ​ថា​ប្រ​សិន​បើ​បុគ្គល​មិន​មាន​ភាព​ទៀត​ទាត់​ ឋិត​ឋេរ​ឬ​មាន​ខ្លឹម​សារ​ ដូច​ជា​តួ​ខ្លួន​ឬ​វិញ្ញាណ​ (អាត្ម័ន​)​ ហើយ​អ្វី​ទៅ​ដែល​អាច​ទៅ​ចាប់​កំណើត​ថ្មី​ បន្ទាប់​អំពី​ការស្លាប់​ទៅ​ហើយ​នោះ​? មុន​នឹង​បក​ស្រាយ​អំពី​ជីវិត​ក្រោយ​ការ​ស្លាប់​នោះ​ សូម​ឲ្យ​មក​ពិចារណា​ជា​មួយ​គ្នា​សិន​ថា​ ជីវិត​នេះ​គឺ​ជា​អ្វី ? ហើយ​ជីវិត​នេះ​បន្ត​ភ្ជាប់​មក​ដល់​បច្ចុប្បន្ន​បាន​យ៉ាង​ដូច​ម្តេច​? អ្វី​ដែល​យើង​ហៅថា​ជា​ជីវិត​នោះ ដូច​សំដៅ​ទៅ​ដល់​ការ​រួប​រួម​គ្នា​របស់​កម្លាំង​ ទាំង​ខាង​ផ្នែក​រាង​កាយ​និង​ចិត្ត​គំនិត​ ។

ខន្ធ​៥ នេះ​រមែង​មាន​ការ​ប្រែ​ប្រួល​ផ្លាស់​ប្តូរ​ជា​និច្ច​មិន​ស្ថិត​នៅ​ដូច​ដើម​សូម្បី​មួយខណៈ​ មាន​ការ​កើត​និង​ស្លាប់​ទៅ​គ្រប់​ខណៈ​ ” ម្នាល​ភិក្ខុ ! ពេល​ខន្ធ​ទាំង​ឡាយ​ កើត​ចាស់​និង​ស្លាប់​ទៅ​គ្រប់​ខណៈ​ អ្នក​ក៏​កើត​ចាស់​និង​ស្លាប់​ (ទៅ​គ្រប់​ខណៈ​ផង​ដែរ​) ” ។ ដោយ​ហេតុ​នេះ​ សូម្បី​តែ​នៅ​ក្នុង​អំឡុង​ពេល​កំពុង​មាន​ជីវិត​រស់​នៅ​ក្នុង​ខណៈ​នេះ​ យើង​ក៏​កើត​និង​ស្លាប់​គ្រប់​ខណៈ (ជា​ការ​ពិត​ដែលថា​ ជីវិត​របស់​សត្វ​លោក​មាន​ការ​កើត​និង​ស្លាប់​ទៅនៅ​គ្រប់​ខណៈ ទាំង​ដែល​ជា​រូប​ធម៌​និង​នាម​ធម៌​ ដ្បិត​ថា​រាល់​កោ​សិកា​ទាំង​ឡាយ​ នៅ​ក្នុង​ខ្លួន​របស់​មនុស្ស​សត្វ​រមែង​កើត​ឡើង​ថ្មី​ និង​ជម្រុះ​ចោល​នូវ​កោ​សិកា​ចាស់​ឥត​ឈប់ឈរ​ ដូច​គ្នា​ទៅ​នឹង​អារម្មណ៍​ឬ​ការ​នឹក​គិត​ផ្សេង​ៗ​ ដែល​តែង​តែ​កើត​រលត់​ៗ​ ” ខណៈ​ចិត្ត​មួយ​កើត​ឡើង​ហើយ​ក៏​រលត់​ទៅ​វិញ ទាំង​ជា​បច្ច័យ​ឲ្យ​កើត​នូវ​ខណៈ​ចិត្ត​បន្ត​ៗ​មក​ទៀត​ ” បន្ត​គ្នា​ជា​ខ្សែ​វដ្តៈ​មួយ​ ដែល​គ្មា​ទី​បញ្ចប់​ ។) តែ​យើង​ក៏​នៅ​អាច​បន្ត​ជីវិត​ទៅ​បាន ។

បើ​យើង​អាច​យល់បាន​ថា ជីវិត​នេះ​យើង​អាច​បន្ត​ទៅ​បាន​ដោយ​ប្រាស​រូប​ធាតុ​ដែល​ឋិត​ឋេរដូច​ជា​អត្តា​ឬ​វិញ្ញាណ​ រឿង​អ្វី​ដែល​យើង​នឹង​មិន​អាច​យល់​បាន​ថា​ កម្លាំង​ឬ​ឋាម​ពល​ទាំង​នោះ​អាច​ស្ថិត​នៅ​ត​ទៅ​ទៀត​បាន​ ដោយ​ប្រាស​ចាក​អត្តា​ឬ​វិញ្ញាណ​គាំ​ទ្រ​ បន្ទាប់​ពី​រាង​កាយ​បាន​ឈប់​ធ្វើ​ការ​ទៅ​ហើយ​នោះ​?

ខណៈ​ពេល​ដែល​រាង​កាយ​នេះ​មិនអាច​ធ្វើ​ការ​បាន​ត​ទៅ​ទៀត​នោះ​ ឋាម​ពល​ទាំង​ឡាយ​មិន​បាន​ស្លាប់​ព្រម​ទៅ​ជា​មួយ​នឹង​វា​នោះ​ទេ​ ។ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ ឋាមពល​ទាំង​នោះ​នៅ​បាន​បន្ត​ទៅ​គ្រប់​គ្រង​រូប​ដទៃ​ទៀត​ ដែល​យើង​ហៅ​ថា​ជា​ជីវិត​មួយ​ផ្សេង​ទៀត​ ។

ក្នុង​ខ្លួន​របស់​ទារក​ឥន្រ្ទិយ​ផ្សេង​ៗ​ ទាំង​ឡាយ​ ទាំង​រាង​កាយ​ ខួរ​ក្បាល​ និង​សតិ​បញ្ញា​ នៅ​ទន់​ខ្សោយ​មិន​រឹង​មាំ​ពេញ​លេញ​ តែ​ឥន្រ្តិយ​ទាំង​នោះ​ក៍​មាននូវ​សក្តា​នុពល​ភាព​ខាង​ក្នុង​របស់​វា​ ដែលនឹង​ធ្វើ​ឲ្យ​កើត​ការ​ចម្រើន​ធំ​ធាត់​ ក្លាយ​ជា​មនុស្ស​ពេញ​វ័យ​ដោយ​បរិបូណ៍បាន ។

ឋាម​ពល​ទាំង​រាង​កាយ​និង​ចិត្ត​គំនិត​ដែល​ប្រកប​គ្នា​ជា​បុគ្គល​ក៏​ដូច​គ្នា​ មាន​កម្លាំង​ផ្ទាល់​របស់​វា​ ដែល​នឹង​អាច​ឲ្យ​វា​ទៅ​ចាប់​យក​រូប​ថ្មី​ ហើយ​សន្សឹម​ៗ​លូត​លាស់​និង​រួប​រួម​កម្លាំង​ឡើង​មក​សា​ជាថ្មី​រហូត​ចាស់ក្លា​បាន​ ។

ដក​ស្រង់​ចេញ​ពី​សៀវ​ភៅ​ ” ព្រះ​ពុទ្ធ​ទ្រង់​បង្រៀន​អ្វី​ ” បែ្រ​សម្រួល​ដោយ លីន​ កុសល

ដោយ​៥០០០​ឆ្នាំ​

តើកម្មជាអ្វី?

ef-re-gesrgverghrs-g-ser-gs

តើ កម្ម ជាអ្វី?

តាម​ន័យ​ត្រង់​កម្ម មាន​ន័យ​ថា​ អំពើ​ប្រកប​ដោយ​ចេតនា ហើយ​ពាក្យ​នេះ​សំដៅ​លើ​ជំនឿ​របស់​ពុទ្ធបរិស័ទ នៅ​ក្នុង​ទស្សនៈ​មួយ​ដែល​គេ​ហៅ​ថា ទស្សនៈ​កម្មផល។ យើង​មាន​ជំនឿ​ថា កាល​ណា​មាន​កម្ម ប្រាកដ​ជា​មាន​ផល ទាំង​នៅ​ក្នុង​ជាតិ​នេះ​ និង​ជាតិ​ខាង​មុខ។

ដូច្នេះ​គេ​មិន​មើល​ឃើញ​នូវ​ផល​នៃ​កម្ម​ដូច​ជា​រង្វាន់ ឬ​ការ​ដាក់​ទណ្ឌកម្ម​ចំពោះ​សកម្មភាព​ដែល​បាន​ធ្វើ​នោះ​ទេ ប៉ុន្តែ​ជា​ធម្មតា វា​ជា​ផល​នៃ​ចេតនា​កម្ម​មួយ​នោះ​ឯង។ កម្ម​ល្អ​នឹង​ផ្ដល់​ផល​ល្អ រី​កម្ម​អាក្រក់​នឹង​ផ្ដល់​ផល​អាក្រក់។ សូម​លើក​យក​ឧទាហរណ៍​សាមញ្ញ​មួយ​មក​បញ្ជាក់ ឧបមា​បុគ្គល​ម្នាក់​ជា​អ្នក​ជក់​បារី ផឹក​ស្រា និង​បរិភោគ​ច្រើន​ហួស​ប្រមាញ ដោយ​មិន​មាន​ការ​ធ្វើ​លំហាត់​ប្រាណ​ឲ្យ​បាន​ទៀង​ទាត់ជា​លទ្ធផល​បុគ្គល​នោះ​ឯង​ងាយ​នឹង​កើត​ជំងឺ​ឡើងឈាម ហើយ​ត្រូវ​រង​ទុក្ខ​វេទនា​ជា​អនេក។ រី​ឯ​បុគ្គល​តែ​ចេះ​តម​ចំណី​អាហារ និង​ចេះ​ថែរក្សា​ខុស​ភាព​ឲ្យ​បាន​ល្អ​វិញ តែង​តែ​មាន​ជីវិត​រស់​នៅ​ប្រកប​ដោយ​សុខុមាលភាព​ សូម្បី​តែ​ពេល​គាត់​មាន​វ័យ​ចំណាស់​ក៏​ដោយ។

ដូច្នេះ​បុគ្គល​ដែល​បាន​ធ្វើ​នូវ​អំពើ​ល្អ និង​កម្ម​ល្អ​ច្រើន​នឹង​សោយ​នូវ​ជីវិត​ដែល​ពោល​ពេញ​ដោយ​សេចក្ដី​សប្បាយ​រីករាយ ហើយ​អាច​វិញ​មក​កើត​ជា​មនុស្ស ឬ​កើត​នៅ​ស្ថាន​ទេវតា​នៅ​ជាតិ​ខាង​មុខ។ ផ្ទុយ​ទៅ​វិញ​ បុគ្គល​ដែល​បាន​ធ្វើ​នូវ​អំពើ​អាក្រក់​ច្រើន ហើយ​សន្សំ​នូវ​អកុសល​កម្ម​ច្រើន​តែង​មាន​ជីវិត​រស់​នៅ​ប្រកប​ដោយ​ភាព​លំបាក ហើយ​នឹង​កើត​នៅ​ក្នុង​អបាយភូមិ​ទៀត​ផង។

កម្ម គឺ​ប្រៀប​បាន​ទៅ​នឹង​គ្រាប់ពូជ។ អ្នក​ត្រូវ​ចេះ​ជ្រើស​រើស​គ្រាប់​ពូជ​ដែល​អ្នក​ចង់​ដាំ។ ដូច្នេះ​សូម​មេត្តា​នាំ​គ្នា​ដាំ​គ្រាប់​ពូជ​ល្អៗ​ឲ្យ​បាន​ច្រើន​ តាម​លទ្ធ​ភាព​ដែល​យើង​អាច​ធ្វើ​ទៅ​រួច។

សារសំខាន់​នៃ​កម្មៈ កម្ម​គឺ​ជា​កម្ម​សិទ្ធ​តែ​មួយ​គត់​ដែល​យើងមាន​ពិត ហើយ​ដែល​យើង​យក​តាម​ខ្លួន​ជាប់​ជានិច្ច​ពី​មួយ​ជាតិ​ទៅ​មួយ​ជាតិ។ កាយ​កម្ម​ក្ដី វចីកម្ម​ក្ដី និង​មនោកម្ម​ក្ដី គឺ​ប្រៀប​ដូច​ជា​គ្រាប់​ពូជ​ដែល​យើង​បាន​សាប​ព្រោះ ហើយ​នឹង​ត្រូវ​ដុះ​ឡើង​ពេល​ណា​ល័ក្ខខ័ណ្ឌ​អំណោយ​ផល។ ដូច្នេះ​អ្នក​ណា​ដាំ​ពូជ​បែប​ណា អ្នក​ដឹង​ទទួល​ផល​បែប​នោះ។

ចុះ​តើ​យើង​ត្រូវ​ធ្វើ​ដូច​ម្ដេច​ទៅ ប្រសិន​បើ​យើង​បាន​ធ្វើ​នូវ​អំពើ​អាក្រក់​យ៉ាង​ច្រើន​រួច​ហើយ? តើ​យើង​អាច​ស្នើ​សុំ​ព្រះពុទ្ធ​ឲ្យ​ព្រះអង្គ​អត់​ឱន​ទោស​ដល់​យើង​បាន​ដែរ​ទេ?

ព្រះសម្មាសម្ពុទ្ធ​ជា​គ្រូ​របស់​យើង តែ​ព្រះអង្គ​មិន​មែន​ជា​បុគ្គល​ដែល​យើង​ត្រូវ​គោរព​បួងសួង​សូម​នូវ​ការ​អភ័យ​ទោស​នោះ​ទេ។ ពុទ្ធ​សាសនិក​មិន​មាន​ជំនឿ​ទៅ​លើ​បុគ្គល​ខាង​ក្រៅ​ណា​មួយ ដែល​យើង​ត្រូវ​តែ​សុំ​នូវ​ការ​អត់​ឱន​ទោស ឬ​គោរព​បូជា​ដើម្បី​ឲ្យ​រួច​ចាក​ទុក្ខ​ទោស​នោះ​ឡើយ។ ប្រសិន​បើ​ពុទ្ធ​សាសនិក​សុំ​នូវ​ការ​អភ័យ​ទោស គឺ​មាន​តែ​សុំ​អភ័យ​ទោស​ពី​សំណាក់​បុគ្គល​ដែល​យើង​បាន​ធ្វើ​ខុស​ចំពោះ​គាត់ ប៉ុន្តែ​មិន​មែន​អ្នក​ទី​បី ឬ​អ្នក​ដទៃ​ផ្សេង​នោះ​ទេ។ ប្រសិន​បើ​យើង​មិន​អាច​សុំ​នូវ​ការ​អភ័យ​ ឬ​សុំ​ធ្វើ​ការ​កែប្រែ​ខ្លួន​ពី​អ្នក​ដែល​យើង​ធ្វើ​ខុស​ទេ​នោះ​យើង​មាន​តែ​ទុក​ឲ្យ​បញ្ហា​ទាំង​នោះ​ជា​មោឃៈ ហើយ​ព្យាយាម​រៀន​សូត្រ​ពី​មេរៀន​នេះ ព្រម​ទាំង​សូម​នូវ​អភ័យ​ដោយ​ខ្លួន​ឯង។

ព្រះ​សម្មាសម្ពុទ្ធ​ទ្រង់​បាន​បង្រៀន​យើង​ថា​ យើង​ម្នាក់​ៗ​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​សកម្មភាព​ផ្ទាល់​ខ្លួន ហើយ​យើង​ម្នាក់​ៗ​ក៏មាន​សមត្ថភាព​គ្រប់​គ្រាន់ ក្នុង​ការ​កំណត់​ជោគ​វាសនា​របស់​ខ្លួន​ផង​ដែរ។ ដូច្នេះ​មុន​ពេល​ធ្វើ​នូវ​អំពើ​អាក្រក់​ណា​មួយ យើង​គួរ​គប្បី​ពិចារណា​ដោយ​ប្រុង​ប្រយ័ត្ន ហើយ​ត្រូវ​ព្យាយាម​ធ្វើ​តែ​អំពើល្អ​គ្រប់​ពេល​វេលា​ជំនួស​វិញ។

ប្រសិន​បើ​អ្នក​មិន​ដឹង​ប្រាកដ​ថា តើសកម្ម​ភាព​នោះ​អាក្រក់​ឬ​ល្អ​ អ្នក​អាច​អនុវត្ត​នូវ​រូបមន្ត​ផ្គូផ្គង​មួយ ដែល​ព្រះសម្មាសម្ពុទ្ធ​ទ្រង់​បាន​សម្ដែង​ដូច្នេះ​ថា ប្រសិន​បើ​ការងារ​នោះ​បៀត​បៀន​ខ្លួន​ឯង​ផង និង​ប៉ះ​ពាល់​ដល់​អ្នក​ដទៃ​ផង ឬ​ក៏​ប៉ះ​ពាល់​ទាំង​ពីរ​ភាគី ចូរ​កុំ​ប្រព្រឹត្ត​ធ្វើ​នូវ​អំពើ​បែប​នោះ។ ប៉ុន្តែ​ប្រសិន​បើ​ការងារ​ទាំង​ឡាយ​ណា​ដែល​មិន​មាន​ផល​ប៉ះពាល់​ដល់​អ្នកណា​ទេ ចូរ​ធ្វើ​នូវ​អំពើ​ល្អ​នោះ​ជា​រៀង​រហូត​ទៅ។

ដក​ស្រង់​ចេញ​ពី​សៀវភៅ ឋានសួគ៌សម្រាប់មនុស្សល្អ
ដោយ​៥០០០​ឆ្នាំ​

បរិច្ចាគទាន DONATION ០១១ ២៨១ ២២៥,០៨៦ ៨៧៧ ៧៩៣

ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅខាងលិចជាប់ជើងភ្នំព្រះរាជទ្រព្យ ភូមិភ្នំ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល។ សូមថ្វាយ ប្រគេន និងជូនកម្មវិធីបដិបត្តិវិបស្សានាវគ្គខ្លី គឺចាប់ផ្តើមពីថ្ងៃទី០១ ដល់ថ្ងៃទី០៧ រៀងរាល់ដើមខែនីមួយៗ ។ សូមថ្លែងអំណរគុណ និង ជូនបុណ្យកុសលដល់ពុទ្ធបរិស័ទ គ្រប់ទិសទី ដែលបានបរិច្ចាគទាន ក្នុងការផ្សព្វផ្សាយសម្លេងព្រះធម៌រៀងរាល់យប់ចាប់ពីម៉ោង ៨:០០នាទីដល់ម៉ោង​៩:០០នាទី វិទ្យុ FM១០២.៧០Mhz ព្រមទាំងឧបត្ថម្ភ ព្រះសង្ឃអាពាធ ។ សូមជូនបុណ្យកុសលដល់ពុទ្ធបរិស័ទគ្រប់ទិសទីដែលបានចូលរួមក្នុងការបរិច្ចាគទាន សម្រាម់គិលានភេសជ្ជៈទានដល់ព្រះសង្ឃ និងសីលវ័ន្ត សីលវតី ព្រមទាំងភត្តប្រចាំថ្ងៃ សូមរួចចាកទុក្ខគ្រប់ព្រះអង្គគ្រប់គ្នា សូមអនុមោទនា....!!!!!....។ បរិច្ចាគទាន Tell:+855 11 28 12 25 , +855 86 87 77 93, Email: vipassanadhurakphnomatharas@gmail.com, Page: ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា ។